សាវតារបស់អង្គការខ្មែរអភិវឌ្ឍន៏ជនពិការនិងអ្នកក្រីក្រ (ស៊ីអេឌីឌីភី)

អង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងអ្នកក្រីក្រ (ស៊ីអេឌីឌីភី / CADDP) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក មួយ ដែលមិនបំរើនិន្នាការនយោបាយ សាសនា ព្រមទាំងមិនរកផលកំរ៉ៃ ។ អង្គការនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៦ ដោយមានការចូលរួមពីសំណាក់ជនពិការចំនួន៣៦នាក់ ក្នុងអង្គមហាសន្និបាតសាមញ្ញមួយ ដើម្បីរួមចំណែកក្នុងការអនុវត្តន៍នូវផែនការយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងក្រុមងាយរងគ្រោះ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ និងជាយក្រុង ។ អង្គការបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ តាមលិខិត លេខ២៣០សជណ ចុះថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០០៧ ។ អង្គការខ្មែរអភិវឌ្ឍន៏ជនពិការនិងអ្នកក្រីក្រ ហៅកាត់ថា (អង្គការស៊ីអេឌីឌីភី) បានចុះបញ្ជីរជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានលេខអត្តសណញ្ញាណកម្មសារពើពន្ធ អតប B107-901904057 ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ហើយបានចុះបញ្ជីរជាមួយបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។

អង្គការខ្មែរអភិវឌ្ឍន៏ជនពិការនិងអ្នកក្រីក្រ បានប្រកាន់ភ្ជាប់ពីរបៀបសម្រាប់បំពេញការងារ នូវវិធីសាស្ត្រ តាមបែបចូលរួម ដើម្បីជំរុញលើកទឹកចិត្តដល់ជនពិការ និងអ្នកក្រីក្រទាំងនោះ បានចូលរួមរាល់សកម្មភាពនៃការអនុវត្តន៍ គម្រោងក្នុងគោលបំណង ធ្វើអោយបានសម្រេចទិសដៅរបស់ក្រុមជនងាយរងគ្រោះ។

បច្ចុប្បន្ននេះ អង្គការខ្មែរធ្វើការជាដៃគូរជាមួយអង្គការពង្រឹងអំណាចសម្រាប់ទាំងអស់គ្នា (EFA Japan) និង អង្គការទំនុកចិត្តសម្រាប់សហគមន៏អាស៊ាន (Asian Community Trust) តាមរយះគម្រោង “ធ្វើអោយប្រសើរឡើងនូវបំណិនជីវិតនិងការអប់រំសម្រាប់កុមារពិការនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ឬ ហៅថាអាំយអិលអេសអ៊ីស៊ី / ILSECនៅ៣ឃុំនៃស្រុកដងទងនិង២ឃុំនៃស្រុកឈូកខេត្តកំពត ប្រទេសកម្ពុជា ដែលមានកុមារមានពិការភាពសរុបចំនួន៧៨នាក់។

អង្គការស៊ីអេឌីឌីភី មានគុណតំលៃ ទស្សនវិស័យ និង បេសកកម្មដូចខាងក្រោមនេះ                 

. គុណតម្លៃរបស់អង្គការស៊ីអេឌីឌីភី / CADDP

  • សេចក្តីសុចរឹត និង សាមគ្គីភាព
  • សេចក្តីថ្លៃថ្នូរ និង ការគោរពតម្លៃមនុស្សជាតិ
  • តម្លាភាព និង និរន្តរភាព
  • ស្តាប់ និងរៀនសូត្រពីអ្នកដទៃ

. ទស្សនវិស័យរបស់អង្គការស៊ីអេឌីឌីភី / CADDP

          កុមារយុវជន & ជនមានពិការភាព និង អ្នកក្រីក្រ ទទួលបាននូវបទពិសោធន៏ជីវិតរស់នៅប្រកបដោយកំរិត ស្តង់ដារល្អរប្រសើរ និង រីកចំរើនខាងផ្លូវវិញ្ញាណ ។

. បេសកកម្មរបស់អង្គការស៊ីអេឌីឌីភី / CADDP

          អង្គការខ្មែរអភិវឌ្ឍន៏ជនពិការនិងអ្នកក្រីក្រ / CADDP ជាអង្គការខ្មែរក្នុងស្រុកមួយ ដែលធ្វើការជម្រុញលើកទឹកចិត្តកុមារ យុវជន ជនមានពិការភាព និងអ្នក្រីក្រ តាមរយះការអភិវឌ្ឍន៏ចំណេះដឹង សុខភាព សិទ្ធិ បំប៉ិនជីវិត ពង្រឹងនូវក្តីជំនឿ និងផ្តល់នូវកម្មវិធីអភិវឌ្ឍន៏ផ្សេងៗ ដើម្បីធ្វើអោយពួកគេមានទំនុកចិត្តនិងសេចក្តី សង្ឍឹមលើខ្លួនឯង។